នាថ្ងៃអង្គារ
៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០១ រូប
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ
កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ
និងឯកឧត្ដម លោកជំទាវ លោក លោកស្រី
ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ
អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០ នាក់។
គោលបំណងនៃសិក្ខាសាលាពេញ
១ថ្ងៃនេះ គឺ៖ (១) ផ្សព្វផ្សាយ និងប្រគល់-ទទួលឯកសារវិភាគ SWOT ជូនដល់រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន; (២) ចែករំលែកលទ្ធផលនៃការវិភាគ SWOT ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ; និង (៣) បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានស្ដីពីកំណើនសេដ្ឋកិច្ច
និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច, គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច
និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសជប៉ុន។
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:
ចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១
ដែលជាផ្នែកមួយក្នុងក្របខ័ណ្ឌកសាងសមត្ថភាពផ្នែកគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការរៀបចំឯកសារនេះ ជាដំណើរការនៃការពង្រឹងការអនុវត្តតួនាទីផ្នែកសេដ្ឋកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត។ ឯកសារនេះ ជាការរៀបចំ និងបោះផ្សាយជាលើកទី២ បន្ទាប់ពីបានពិគ្រោះយោបល់
ជាមួយរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ
អង្គភាពជំនាញពាក់ព័ន្ធជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៣។
ថ្លែងទៅកាន់អង្គសិក្ខាសាលា, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.បានគូសបញ្ជាក់ថា ការរៀបចំឯកសារវិភាគ SWOT គឺជាផ្នែកមួយនៃការកសាងសមត្ថភាព និងជា “ការរៀនផង ការធ្វើផង និងការកែលម្អជាបណ្ដើរៗផង” និងចាត់ទុកជា “ឯកសាររស់” ដែលនឹងត្រូវធ្វើការកែសម្រួល និងកែលម្អឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីប្រែក្លាយឯកសារនេះឱ្យទៅជាឯកសារគោលសម្រាប់ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅការរៀបចំ “គោលនយោបាយដែលផ្អែកលើភស្ដុតាង — Evidence-based Policymaking“ និងជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្ត យកទៅអនុវត្តក្នុងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ ជារួម ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចអំពីសារសំខាន់គន្លឹះៗ នៃឯកសារវិភាគ ដូចខាងក្រោម៖
ទី1- ការវិភាគ SWOT ជាចំណុចចាប់ផ្ដើមឱ្យមានការគិតគូរលើការប្រមូលផ្ដុំ និងចងក្រង ឬបង្កើតឱ្យមានការគ្រប់គ្រងទិន្នន័យនៅថ្នាក់មូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការវិភាគ តាមដាន វាយតម្លៃ និងដាក់ចេញនូវគោលនយោបាយ, វិធានការដោះស្រាយ,ការរៀបចំជាផែនការសកម្មភាព និងកម្មវិធីវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទី2- ទិន្នន័យ និងការវិភាគនេះ ជាមូលដ្ឋានចំណេះដឹង និងព័ត៌មានសម្រាប់ឈានឆ្ពោះទៅសម្រេចឱ្យបានការកសាង “ផែនការអភិវឌ្ឍន៍រាជធានី ខេត្ត” និង “ផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត” ស្របតាមទិសដៅ នៃកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទិសដៅនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី3- ឯកសារវិភាគ
SWOT ជាឯកសារគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគពីវិស័យឯកជន
ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន
ដែលនឹងបង្កលទ្ធភាពក្នុងការបង្កើនការប្រមូលចំណូលជាគុណប្រយោជន៍ថវិកាជាតិ
និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ស្របតាមវិធានការដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋា-ភិបាល
នីតិកាលទី៧ នៃរដ្ឋសភា។